កូនគប់១ពូថៅ ឪកាប់សងវិញ៣ពូថៅ

ក្រចេះ: បុរស២នាក់ឪពុកនិងកូន បានកើតមានជំលោះតឹងសរសៃកដាក់គ្នាពីរឿងបាត់ពងមាន់ពីក្នុងសំបុក ស្រាប់តែភ្លាមនោះ បុរសជាកូនបានទាញពូថៅគប់សំដៅឪពុកបង្កើតរបស់ខ្លួនតែមិនត្រូវ ទើបធ្វើឱ្យបុរសជាឪពុកផ្ទុះកំហឹង ទាញពូថៅ ស្ទុះទៅកាប់កូនប្រុសរមិលគុណវិញចំនួន៣ពូថៅ បណ្តាលឱ្យរងរបួសធ្ងន់ ទីបំផុតអ្នកឈ្នះដេកគុក អ្នកចាញ់ដេកពេទ្យ។

ករណីអំពើហិង្សាក្នុងគ្រួសារខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។ជនសង្ស័យដែលកាប់កូនប្រុស៣ពូថៅ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឡឹង ឈិត អាយុ៧១ឆ្នាំ មានជំងឺលើសឈាមប្រចាំ កាយ។ ចំណែកជនរងគ្រោះជាកូនប្រុស មានឈ្មោះ ឡឹង ស៊ីផល អាយុ៤១ឆ្នាំ ជាកូនប្រុសទី៤ ក្នុងចំណោមបងប្អូន៨នាក់ប្រុស៦ ស្រី២និង មានជងឺលើសឈាម ស្លាប់មួយចំហៀងខ្លួន។ទាំង២នាក់ឪពុកនិងកូន មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គ្រួសារខាងលើបានបាត់ពងមាន់នៅក្នុងសំបុក ទើបធ្វើឱ្យបុរសទាំង ២នាក់ឪពុកនិងកូនប្រុស បានកើតមានទំនាស់ពាក្យសម្តីតឹងសរសៃកដាក់គ្នាយ៉ាងខ្លាំង។ ភ្លាមនោះ ដោយសារតែខឹងសម្បាខ្លាំងពេក ទើបបុរសជា កូនប្រុស បានស្ទុះទៅទាញពូថៅគប់សំដៅឪពុកបង្កើតរបស់ខ្លួន បណ្តាលឱ្យត្រូវចំចង្កេះ តែមិនរងរបួសអ្វីធ្ងន់ធ្ងរទេ។

ប្រភពដដែលបន្តថា នៅពេលដែលឃើញកូនប្រុសរមិលគុណហ៊ានទាញពូថៅគប់ខ្លួនជាឪពុកបែបនេះ ទើបធ្វើឱ្យជនសង្ស័យផ្ទុះកំហឹង ក៏បានរើសពូថៅនោះ រួចស្ទុះចូលទៅកាប់ប្រហារកូនប្រុសវិញទាំងកំរោល ចំណែកជនរងគ្រោះជាកូនប្រុស ដោយសារតែមានជំងឺលើសឈាម ស្លាប់មួយចំហៀងខ្លួន រត់គេចមិនរួច ក៏ត្រូវជនសង្ស័យជាឪពុកកាប់ប្រហារចំនួន៣ពូថៅ ចំភ្លៅខាងស្តាំ១ពូថៅ ត្រូវចំកំភួនជើងខាងស្តាំ១ពូថៅ និងត្រូវចំកែងជើងខាងឆ្វេង១ពូថៅ។

ក្រោយពេលកើតហេតុ ជនរងគ្រោះជាកូនប្រុសត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកព្រែកប្រសព្វ។ ចំណែកជនសង្ស័យជាឪពុក ត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួន នាំយកទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងចាត់ការតាមច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *